សង្ខេបប្រវត្តិសាស្ត្រកម្ពុជា
Posted by trace back in time
ប្រវត្តិដូនតាខ្មែរ
ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រដ៏សំបូរបែប
និងគួរអោយចាប់អារម្មណ៍មួយនៅក្នុងតំបន់។ កំណើតមនុស្សជាតិកម្ពុជាដំបូង
គេឃើញមាននៅយុគសម័យថ្មបំបែក (Stone Age) ដែលមនុស្ស
ចាប់ផ្តើមចេះប្រើប្រាស់ ឧបករណ៍ធ្វើពីថ្ម សំរាប់ប្រមាញ់សត្វ
ហើយក្នុងពេលនោះដែរក៏មានការរស់នៅ ប្រមូលផ្តុំជាក្រុម ជាពួកដែរ។ ទោះជាយ៉ាងណាក៏ដោយ
ការធ្វើស្រែចំការគេឃើញមាននៅកម្ពុជាក្នុងកំឡុងឆ្នាំ ២៣០០ មុន គ.ស.។
ប្រជាកសិករកម្ពុជាដំបូងឡើយ គេប្រើប្រាស់ឧបករណ៏ធ្វើពីថ្ម
សំរាប់ធ្វើស្រែចំការប៉ុន្តែចាប់ពីឆ្នាំ ១៥០០ មុន គ.ស. បុព្វបុរសទាំងនោះចាប់ប្រើប្រាស់ឧបករណ៍ធ្វើពីទង់ដែង។
នៅកំឡុងឆ្នាំ ៥០០ ១៥០០ មុន គ.ស. ពួកគេចាប់ផ្តើមរៀនប្រើដែកធ្វើជាឧបករណ៍ប្រើប្រាស់។ គេអាចសណ្ឋានបានដូច្នេះតាមរយះស្ថានីយ៍បុរេប្រវត្តិសាស្រ្តមួយចំនួនមាននៅលើទឹកដីកម្ពុជា
ដូចជា ម្លូព្រៃ ល្អាងស្ពាន សំរោងសែន ជាដើម។
បន្តបន្ទាប់មកទៀតការរីកចំរើនខាងសង្គមនៅក្នុងតំបន់កាន់តែមានសន្ទុះឡើងយ៉ាងឆាប់រហ័សនោះ
នៅក្នុងកំឡុងគ្រឹស្តសករាជ ឆ្នាំ១៥០ គេក៏ឃើញមានជាប្រជាពលរដ្ឋដែលរស់នៅប្រមូលផ្តុំ
ក្នុងតំបន់ ដីសណ្តទន្លេមេគង្គ (នៅក្នុងប្រទេសវៀតណាមភាគ ខាងត្បូងសព្វថ្ងៃ)
ដែលជនជាតិចិនអោយឈ្មោះ ថាហ្វូណន (Fu-nan) ។
តាមរយះការធ្វើជំនួញរវាងជនជាតិហ្វូណននឹងចិនគេសង្កេតឃើញនូវសកម្មភាពរបស់សង្គមកម្ពុជា
មានលក្ខណៈស្មុគស្មាញ ។ ការតាំងទីលំនៅ ភូមិករមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយ
ក៏កើតបានជា អាណាចក្រមួយឡើង។ នៅដើមសតវត្សទី៧ ប្រជាជនកម្ពុជាត្រូវបាន គេស្គាល់ថាជា
ជាតិសាសន៍មួយ ដែលមានអរិយធ៌មរបស់ខ្លួនផ្ទាល់ តាំងពីដើមរៀងមក។
បន្ទាប់ពីក៏កើតបានជាអាណាចក្រមួយមក
កម្ពុជាត្រូវបានបែងចែកជា រដ្ឋពីរដែលគេស្គាល់ថា ចេនឡាដីគោក និង ចេនឡាលិចទឹក ប៉ុន្តែនៅដើមសតវត្សទី៩
មានព្រះរាជាខ្មែរ មួយអង្គព្រះនាម ព្រះបាទជ័យវរ្ម័នទី២
(ឆ្នាំ៨០២ព្រះអង្គបានប្រកាសឯករាជ្យភាពរបស់កម្ពុជាពីប្រទេសសៃលិនដ្រា) ទ្រង់បានបង្កើតកំលាំងពលទាហ៊ានដ៏រឹងមាំហើយបានបង្រួបបង្រួមជាតិធ្វើឱ្យ
មានឯកភាពជាតិឯកភាពទឹកដី។ ហើយរាជវង្សានុវង្សរបស់ទ្រង់បានសោយរាជ បល្ល័ងរហូតដល់ខ្ទង់ឆ្នាំ១០០០
នៃ គ.ស.។
កម្ពុជាពីឆ្នាំ ១៥០០ដល់ ១៨០០
កំឡុងសតវត្សរ៍ទី១៦ឥទ្ធិពលរបស់កម្ពុជាដែលធ្លាប់តែគ្របដណ្តប់ស្ទើរពេញផ្ទៃតំបន់ទាំងមូលបានធ្លាក់អន់ថយឡើងៗ។នៅចុងសតវត្សរ៍នោះដែរ
ទឹកដីរបស់កម្ពុជាមួយភាគក៏ត្រូវធ្លាក់ក្រោមការរគ្រប់គ្រងរបស់ប្រទេស សៀម។ រហូតមកដល់
ឆ្នាំ១៥៩៤ សៀមក៏បានក្ដោបក្តាប់រាជធានីលង្វែគទាំងមូល។
ចាប់ពីពាក់កណ្ដាលសតវត្សរ៍ទី១៧មកប្រទេសវៀតណាមក៏ចាប់មានឥទ្ធពលខ្លាំងឡើងៗនៅក្នុងតំបន់ផងដែរហេតុដូច្នេះហើយបានជានៅដើមសតវត្សរ៍ទី១៧នោះទឹកដីមួយភាគ(សព្វថ្ងៃជាទឹកដីរបស់វៀតណាមភាគ
ខាងត្បូង)របស់កម្ពុជា ក៏ស្ថិតក្រោមការត្រួតត្រារបស់វៀតណាមដែរ ពួកនេះបានកាន់កាប់កំពុងផែមួយមានឈ្មោះថាព្រៃនគរដែលក្រោយមកគេ
បានប្ដូរឈ្មោះជាសៃហ្គនវិញ។នៅចុងសតវត្សរ៍ទី១៧នោះដែរទឹកដី
ព្រៃនគរនោះក៏ស្ថិតក្រោមអាណានិគមរបស់វៀតណាមទាំងស្រុង។
នៅសតវត្សរ៍ទី១៨ ដោយសារតែឥទ្ធពលរបស់របស់ប្រទេសជិតខាងទាំងពីរ (សៀម និងវៀតណាម)និង ជម្លោះរវាងខ្មែរនឹងខ្មែរគ្នាឯងថែមទៀតនោះបានធ្វើអោយវិសាលភាពទឹកដីកម្ពុជាដែលធ្លាប់លាតសន្ធឹងយ៉ាងធំទូលាយនោះបានរួញតូចនៅសល់ប្រមាណ១ភាគ៣ប៉ុណ្ណោះដោយសារការឈ្លានពានរបស់ប្រទេសជិតខាងទាំងពីរនោះ។ប្រទេសសៀមបាន
ឈ្លានពានមកកម្ពុជាជាច្រើនលើកច្រើនសារនៅក្នុងសតវត្សន៏ទី១៨ហើយនៅឆ្នាំ១៧៧២ពួកគេបានបំផ្លិចបំផ្លាញរហូតដល់ទីក្រុងភ្នំពេញ។នៅភាគខាងចុងនៃ
សតវត្សរ៍ទី១៨ភាគគីវៀណាមក៏បានឈ្លានពាន
ទឹកដីកម្ពុជាផងដែរដែលជាហេតុធ្វើអោយព្រះមហាក្សត្រខ្មែរបែរទៅពឹងពាក់ប្រទេសសៀមអោយជួយការពារខ្លួនហើយលទ្ធផលតបមកវិញគឺកម្ពុជាបាត់បង់ទឹកដីខាងលិចឈាងខាងជើងទៅអោយសៀម
កម្ពុជាក្នុងសតវត្សទី១៩
នាដើមសតវត្សទី១៩ព្រះបាទអង្គច័ន្ទ(១៨០៦-១៨៣៤) បានយាងទៅកាន់ប្រទេសវៀតណាមដើម្បីការពារខ្លួនពីការវាយប្រហាររបស់ថៃ។ គោលនយោបាយរបស់ព្រះអង្គបានធ្វើអោយថៃមួរម៉ៅយ៉ាងខ្លាំង ហេតុដូច្នេះហើយបានជានៅខណះពេលដែលមានការបះបោរកើតឡើងនៅ វៀតណាមខាងត្បូងក្នុងឆ្នាំ១៨៣៣ថៃក៏បានឈ្លាតឱកាសឈ្លានពានមកលើកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយព្រះមហាក្សត្រវៀតណាមក៏បានជួយបំបែកនូវសកម្មភាពបះបោរនោះហើយក៏ធ្វើឱ្យកងទ័ពថៃដក ចេញផងដែរ។
ជាលទ្ធផល រាជាធិរាជវៀតណាមកាន់តែពង្រឹង ឥទ្ធិពលរបស់ខ្លួនក្នុងការ គ្រប់គ្រងប្រទេសកម្ពុជា។ នៅពេលដែលព្រះអង្គ (ព្រះបាទអង្គច័ន្ទ)បាន សោយទីវង្គតនៅក្នុង ឆ្នាំ១៨៣៤ នោះបុត្រីមួយអង្គក្នុងចំនោមបុត្រីទាំងអស់របស់ព្រះអង្គ បានឡើងគ្រងរាជ្យជាសេ្តច ស្រី ហើយប្រជាជនវៀតណាមក៏បានតាំងលំនៅនៅក្នុងប្រទេសកម្ពុជា។ ដោយវៀតណាមយល់ឃើញថាប្រជាជនកម្ពុជាដូចជាមនុស្សពៃ្រហើយក៏បានព្យាយាមបង្រៀនពីរបៀបរស់នៅរបស់ ពួកគេទៅតាមទំនៀមទំលាប់ប្រពៃណីវៀតណាមមកលើប្រជាជនកម្ពុជា។
ដោយមានការអាក់អន់ចិត្តទៅលើឥទិ្ធពលរបស់វៀតណាមក៏បានធើ្វឱ្យមានការបះបោរកើតឡើងក្នុងឆ្នាំ១៨៤០-១៨៤១។ ថៃបានធើ្វការឈ្លានពានសារជាថ្មីដោយអះអាងម្តងហើយម្តងទៀត ថាការគ្រប់គ្រងរបស់ប្រទេសកម្ពុជាជារបស់ពួកគេ។
កម្ពុជាសតវត្សទី២០
សេដ្ឋកិច្ចកម្ពុជាចាប់មានការអភិវឌ្ឍន៍គឺនៅសម័យស្ថិតក្រោមការត្រួតត្រារបស់បារាំង។
ផ្លូវថ្នល់ ផ្លូវដែក ចាប់កសាងឡើងក្នុងឆ្នាំ១៩២០
ហើយគេក៏ឃើញមានរោងចក្រជរកៅស៊ូមានដំនើរការផងដែរ។
ថ្វីបើសកម្មភាពសេដ្ឋកិច្ចរស់រវើកមែនតែ
ប្រជាជនកម្ពុជាត្រូវមានកាត្វពកិច្ចបង់ពន្ធជូនរដ្ឋស្ទើរគ្រប់ជំពូក
ដោយហេតុនេះហើយបានជារហូតមកដល់ឆ្នាំ១៩៣០ ចលនាអ្នកជាតិ
និយមកម្ពុជាមានសកម្មភាពគគ្រឹកគគ្រែងៗឡើង។
នៅក្នុងកំឡុងពេលសង្រ្គាមលោកលើកទី២
ប្រទេសជប៉ុនបានចូលមកកាន់កាប់កម្ពុជា។ទោះជាយ៉ាងណាក៏ដោយជប៉ុនពុំទាន់ធ្វើកំណែរទម្រង់អ្វីភ្លាមៗនោះទេ
ដោយទុកអោយរដ្ឋអំណាចបារាំងនៅគ្រប់គ្រងកម្ពុជាដដែល ប៉ុន្តែនៅឆ្នាំ១៩៤៥
ពេលដែលជប៉ុនចាញ់សង្គ្រាម ពួកគេបានព្យាមលុបលាងនូវកំហុស
របស់ខ្លួនដែលមានមកលើកម្ពុជាហើយយកចិត្តកម្ពុជា ដោយបង្ខំឱ្យបារាំងផ្ដល់នូវឯករាជ្យភាពមក
កម្ពុជាវិញ។ បើទោះជាមានឯករាជ្យដែលជប៉ុន បង្ខំអោយបារាំងប្រគល់ឱ្យខ្មែរក៏ដោយ
ក៏នៅពេល ដែលជប៉ុនត្រូវបានឡោមព័ទ្ធ (ជប៉ុនចាញ់សង្រ្គាម) ដោយទ័ពសម្ព័ន្ធមិត្តនោះ
បារាំងក៏ត្រឡប់មកគ្រប់គ្រងកម្ពុជាជាថ្មីម្ដងទៀតនៅខែតុលា ឆ្នាំ១៩៤៥។
ម្ដងនេះបារាំងបានអនុញ្ញាតឱ្យកម្ពុជា
រៀបចំជាគណបក្សនយោបាយ មានរដ្ឋធម្មនញ្ញ។ ដោយ យោងទៅលើសន្ធិសញ្ញា ឆ្នាំ១៩៤៩ បញ្ជាក់ថាកម្ពុជាបានទទួលនូវឯករាជ្យពាក់កណ្ដាល។
បន្ទាប់មកទៀតក្នុងឆ្នាំ១៩៥២ ព្រះបាទនរោត្តមសីហនុទ្រង់បានដាក់រាជ្យហើយប្រឡូកក្នុងឆាកនយោបាយ
ដើម្បីដឹកនាំប្រទេសដោយផ្ទាល់ព្រះហស្ថរបស់ព្រះអង្គ។ ព្រឹត្តការណ៍ជាច្រើនបានរំលងទៅយ៉ាងឆាប់រហ័ស។ ទីបំផុតនៅថ្ងៃទី
៩ ខែ វិច្ឆិកា ១៩៥៣ បារាំងបានប្រគល់ឯករាជ្យពេញបរិបូរណ៍មកឱ្យ កម្ពុជាវិញ
ហើយនៅឆ្នាំ១៩៥៥ សម្ដេចព្រះបាទនរោត្ដមសីហនុ បានដាក់រាជថ្វាយព្រះបិតាដើម្បី
ចូលរួមប្រកួតប្រជែងការបោះឆ្នោតដែលនឹងរៀបចំឡើងក្នុងឆ្នាំនោះដែរ។
ព្រះបាទនរោត្ដមសីហនុក៏បានរៀបចំជាចលនានយោបាយផ្ទាល់ខ្លួនមួយរបស់ព្រះអង្គ។
ចាប់ពីឆ្នាំ១៩៥៥ ដល់ ១៩៧០ ទ្រង់បានក្ដោបក្ដាប់នយោបាយកម្ពុជាស្ទើរតែទាំងស្រុង
ដូច្នេះហើយបានជាពេលខ្លះគេអោយឈ្មោះថាជាយុគសម័យនរោត្ដមសីហនុ។ ក្នុងឆ្នាំ១៩៦០
ព្រះបិតារបស់របស់ព្រះអង្គបានចូលទីវង្គត
ព្រះអង្គក៏ប្រកាសខ្លួនព្រះអង្គជាព្រះប្រធានប្រមុខរដ្ឋ។ ព្រះអង្គទ្រង់បានហៅចលនារបស់ព្រះអង្គថាជាចលនា
ពុទ្ធិសង្គមនិយម។តែទោះជាយ៉ាងណាក៏ដោយវាមិនត្រូវបានគេចាត់ទុកថាជាចលនាសង្គមនិយមទាំងស្រុងនោះទេ។
រជ្ជកាលរបស់ព្រះអង្គបានចាប់បាក់បែកក្នុងឆ្នាំ១៩៦៨
នៅពេលដែលចលនាកុម្មុយនីសចាប់ផ្ដើមសង្រ្គាមស៊ីវិលដែរ។
ឆ្នាំ១៩៧០ទ្រង់បានចាកចេញពីប្រទេស។ កំឡុងពេលដែលព្រះអង្គនៅឯក្រៅប្រទេសនោះសភាបានធ្វើការបោះឆ្នោតទម្លាក់ទ្រង់ចេញពីដំណែង។
កម្ពុជាក៏បានប្ដូរឈ្មោះទៅជា សាធារណរដ្ឋខ្មែរ ដែលមានលោកសេនាប្រមុខ លន់ ណុល
ជាប្រធានាធិបតី។
បើទោះជាសភាពការខាងក្នុងប្រទេសច្របូកច្របល់យ៉ាងណាក៏ដោយ
ក៏សកម្មភាពរបស់ក្រុមកម្មុយនីសមិនបានរីកដាលគួរឱ្យកត់សម្គាល់នោះទេ
ទាំងនេះគឺដោយសារតែ សកម្មភាពទម្លាក់គ្រាប់បែករបស់អាមេរិកប្រឆាំងនឹងចលនាកម្មុយនីសទាំងនោះ។
តែនៅទីបំផុតចលនាកុម្មុនីសបានសម្រេចជោគជ័យរបស់ខ្លួនដោយបានគ្រប់គ្រងប្រទេសទាំងស្រុងនៅថ្ងៃទី ១៧ មេសា ១៩៧៥។
ខ្មែរក្រហម
នៅក្នុងឆ្នាំ១៩៧៥
ជាសម័យកាលមួយដ៏គួរឱ្យរន្ធត់
និងប្រកបដោយសោកនាដកម្មដ៏ជូចត់មួយរបស់ប្រវត្តិ
សាស្រ្តកម្ពុជាដែលស្ថិតក្រោមរបបគ្រប់គ្រងរបស់ខ្មែរក្រហម។
ក្រុមខ្មែរក្រហមនោះគេមានមេដឹកឈ្មោះថា
ប៉ុល ពត ( ឬ សាឡុត សរ)
ដែលគេស្គាល់ផងដែរថាជា បងធំទីមួយ។ គ្មានតួរលេខជាក់លាក់ណាមួយ
ទាក់ទងនឹងចំនួនមនុស្សស្លាប់នៅក្នុងរបបដឹកនាំរបស់ប៉ុលពត
និង បក្សពួករបស់គាត់នោះទេ ប៉ុន្តែគេប៉ាន់
ស្មានថាមានចំនួនមនុស្សស្លាប់ប្រមាណជា
១លាន ៥សែននាក់ រឺក៏ច្រើនរហូតដល់ ៣លាននាក់ឯនោះ។
ស្ថិតនៅក្នុងរបបគាត់ ប៉ុល ពត
បានប្រកាសថានេះគឺជាការចាប់ផ្ដើមប្រវត្តិសាស្រ្តកម្ពុជាសារជាថ្មី។
ឆ្នាំដំបូង
របស់បដិវត្តន៍ ឥឡូវក្លាយជាឆ្នាំដំបូងនៃប្រវត្តិសាស្រ្តកម្ពុជាដូចគ្នា។
នៅក្នុងឆ្នាំ១៩៧៥
កម្ពុជាជាប្រទេសដែលពឹងផ្អែកទៅលើវិស័យកសិកម្មជាវិស័យឈានមុខគេ។ ប៉ុល ពត បានសម្រេចថាវានឹងត្រូវក្លាយជាប្រទេសកសិកម្មទាំងស្រុង។
សេចក្ដីប្រកាសនេះសរបញ្ជាក់ថាប្រជាជនទាំងអស់ទាំងទីក្រុង ទាំងជនបទ ត្រូវបង្ខំឱ្យទៅនៅប្រមូលផ្ដុំឯជនបទក្នុងគោលបំណងកែរប្រែប្រទេសឱ្យទៅជាប្រទេសកសិកម្មទាំងស្រុង។
គាត់បានកំណត់ផងដែរថាទិន្នផលកសិកម្មត្រូវតែកើនឡើងធ្វេរដងក្នុងរយៈពេល ៤ឆ្នាំ
(ជាការកំនត់ទិសដៅមួយដែលយើងដឹងថាពិតជាមិនអាចសម្រេចបាន)។ កម្មសិទ្ធិឯជន
ត្រូវបានលុបបំបាត់ ការរស់នៅជាសហករត្រូវបានអនុវត្ត។ ពួកគេត្រូវបានកំនត់ឱ្យប្រមូលទិន្នផលស្រូវឱ្យបាន
៣តោន ក្នុងមួយហិចតា។ ប្រជាជនទាំងអស់ត្រូវបានបង្ខំឱ្យធ្វើការ ស្ទើរគ្មានពេលឈប់សម្រាកក្នុងគោលបំណងពង្រីកទិន្នផលស្រូវទៅតាមទិសដៅដែលគេបានកំណត់។
ពួកគេទាំងនោះមិនត្រឹមតែត្រូវបានគេបង្ខំឱ្យធ្វើការហួសកំលាំងប៉ុណ្ណោះទេ
ថែមទាំងមិនទទួលបាននៅអាហារហូបគ្រប់គ្រាន់ទៀតផង ហើយមានអ្នកខ្លះធ្លាក់ខ្លួនឈឺ រឺ
ស្លាប់ ក៏មានដោយសារការធ្វើការហួសកំលាំង និងគ្មានអាហារហូបចុកគ្រប់គ្រាន់នេះឯង។
នៅមានសោកនាដកម្ម
និងការឈឺផ្សាជាច្រើនទៀតដូចជា សាសនាត្រូវបានលុបបំបាត់ចោល។
ទំនាក់ទំនងគ្រួសារក៏ត្រូវបានក្រុមនេះបង្ខំមិនអោយមានផងដែរ។ លើសពីនោះទៅទៀតសូម្បីតែកំហុសតូចបំផុតដែលប៉ះពាល់នឹងច្បាប់ក៏ត្រូវបានសំលាប់ចោលភ្លាមៗផងដែរ
អ្នកណាខ្ជិលក៏ត្រូវសំលាប់ចោល។ គ្មានការតវ៉ាថាអ្នកនេះ រឺ អ្នកនោះ
ត្រូវបានសំលាប់ដោយមូលហេតុអ្វីនោះឡើយ។
មិនត្រឹមតែប៉ុណ្ណឹងទេសម្រាប់និស្សិត
បញ្ញវ័ន ត្រូវបានសំលាប់យ៉ាងអនោចអធមផងដែរ។ សូម្បីតែអ្នកចេះនិយាយភាសាបរទេស
រឺក៏អ្នកនោះពាក់វ៉ែនតាសោះហ្នឹងក៏សំលាប់ចោលដែរ។ សុបិន្តអាក្រក់ទាំងអំបានមានរបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបខ្មែរក្រហមបានត្រូវបញ្ចប់ដោយសារសង្រ្គាមជាមួយ
វៀតណាម។ កងទ័ពប្រជាមានិតវៀតណាមបានវាយលុកចូលកម្ពុជា នៅខែធ្នូរ ឆ្នាំ១៩៧៨
ហើយទទួលបានជ័យជនះយ៉ាងឆាប់រហ័ស។ តែសំណាងអាក្រក់បានរត់រួចខ្លួន
ហើយបានស្លាប់នៅក្នុងឆ្នាំ១៩៩៨។
ទាហានរបស់ប៉ុល
ពត
បានរត់ភៀសខ្លួនទៅនៅតាមបណ្ដោយព្រំដែនខ្មែរថៃហើយនៅពេលនោះគាត់ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីភាគីថៃ
ព្រោះថៃខ្លាចឥទ្ធិពលរបស់វៀតណាម។ ហើយក្រុមរបស់ខ្មែរក្រហមក៏នៅបន្តធ្វើសង្រ្គាម
(សង្រ្គាមឈ្លប) ប្រឆាំងវៀតណាមរហូត ដល់ឆ្នាំ ១៩៨៩ ជាពេលវេលាដែលកងទ័ពវៀតណាមដកចេញពីលើទឹកដីកម្ពុជា។
ប៉ុន្តែសង្រ្គាមស៊ីវិលនៅតែបន្តនៅលើទឹកដីកម្ពុជាដ៏កម្សត់មួយនេះទៀត។
ជាបន្តបន្ទាប់មកទៀតកិច្ចខិតខំប្រឹងចរចារស្វែងរកសន្តិភាពក៏ចាប់ផ្ដើមមានជាច្រើនលើក
ហើយក៏មានការចូលរួមពីភាគីផ្សេងៗហូរហែរផងដែរ។
លទ្ធផលចុងក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ បានផ្ដល់មកកម្ពុជានូវសន្តិភាពមួយដែលប្រជាជនកម្ពុជាកំពុងរង់ចាំ។ចាប់ពីពេលនោះរបបគ្រប់គ្រងប្រទេសតាមបែបកុម្មុយនីស្តត្រូវបានបោះបង់ចោលហើយរដ្ឋាភិបាលបណ្ដោះអាសន្នមួយត្រូវបានបង្កើតរហូតដល់
ឆ្នាំ១៩៩៣ ដែលមានការរៀបចំបោះឆ្នោតជាសកលមួយនៅកម្ពុជាហើយរៀបចំដោយអង្គការសហប្រជាជាតិហៅកាត់ថា untac ។
ទោះជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ដែលបានដាក់បេក្ខភាពខ្មែរក្រហមជាភាគីមួយក្នុងការបោះឆ្នោតក៏ដោយក៏ពួកនេះពបដិសេធមិនចូលរួម
ហើយនៅតែបន្តសកម្មភាពរបស់ពួកគេក្នុងការធ្វើ
សង្រ្គាមឈ្លបដ៏ដែលប្រឆាំងនឹងរាជរដ្ឋាភិបាលដ៏ដែល។ រហូតមកទល់ឆ្នាំ១៩៩៦ ទើប អៀង សារី
ដែលគេស្គាល់ថាជាបងធំទី៣បានធ្វើការចុះចូលជាមួយរដ្ឋាភិបាលរួមទាំងពលទាហានខ្មែរក្រហមជាច្រើននាក់ផងដែរ។
ឆ្នាំ១៩៩៨ ប៉ុល ពត បានស្លាប់ហើយសន្តិភាពក៏បានវិលមកកម្ពុជាវិញយ៉ាងពិតប្រាកដដែរ។
សតវត្សទី២១
បច្ចុប្បន្ន
កម្ពុជា នៅតែជាប្រទេសមួយក្រីក្រដ៏ដែល
ប៉ុន្តែនៅប៉ុន្មានឆ្នាំដំបូងនាសតវត្សទី២១នេះសេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថាមានការរីកលូតលាស់យ៉ាងឆាប់រហ័ស
ហើយវិស័យដែលរីកចំរើនខ្លាំងជាងគេគឺ ទេសចរណ៍ និង ឩស្សាហកម្មកាត់ដេរ។
សព្វថ្ងៃកម្ពុជាមានប្រជាជនសរុបប្រមាណជា ១៥លាននាក់
ចែកជាដែនដីរដ្ឋបាល២៤ខេត្ត និង រាជធានីមួយគឺភ្នំពេញ។
0 comments: